តើអាចមានអាថ៍កំបាំងអ្វីបានជាទីតាំងកាយរ៉ែមាសជាច្រើន ត្រូវបានលាក់ខ្លួនធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង នៅក្នុងស្រុកស្នួលគ្មានអ្នកបង្ក្រាប
ច្បាប់គឺជាអ្វីមួយដែលមនុស្សមិនអាចមើលរំលេងបាន យ៉ាងណាមិញច្បាប់គឺជារបងក្នុងការការពារប្រទេសឲ្យ មានភាពរឹងមាំ និងមានសេចក្តីថ្លៃថ្នូ រក្សាបាននូវស្ថិរភាពសង្គម ច្បាប់ក៏តម្រូវឲ្យសមត្ថកិច្ច រួមទាំងមន្ត្រីរាជការ ចាំបាច់អនុវត្តន៍ក្នុងនាមជាមន្ត្រីបំពេញកាតព្វកិច្ច ។ ជាក់ស្តែងច្បាប់រ៉ែ និងថាមពល ក៏បានបញ្ជាក់យ៉ាងច្បាស់ អំពីសកម្មភាពកាយរ៉ែមាស ជាលក្ខណៈគ្រួសារ និងលក្ខណៈអាជីវកម្ម ។
ថ្មីៗនេះ នៅក្នុងភូមិរវាងសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ គេឃើញមានសកម្មភាពមនុស្សធ្វើ សកម្មភាពកាយរ៉ែមាសយ៉ាងគគ្រឹកគគ្រេងខុសពីធម្មតា ។ អ្នកធ្វើសកម្មភាពទាំងអស់នោះ គឺមិនមែនជា លក្ខណៈគ្រួសារអ្វីនោះទេ អ្នកទាំងនោះ គឺបានប្រើប្រាស់ម៉ាស៊ីបាញ់ចម្រាញ់រេងយករ៉ែ ជាលក្ខណៈអាជីវកម្ម ឲ្យយ៉ាងកងរំពង ដែលឈុតឆាកមួយធ្វើឲ្យមានមន្ទិលសង្ស័យថា អាចមានអ្នកមានលុយយ៉ាងសម្បើមនៅពី ក្រោយដោយយកប្រជាពលរដ្ឋធ្វើជាឈ្នាន់គ្រាន់ និងរកប្រយោជន៍ដល់ពួកគេធ្វើមានធ្វើបាន ។
ថ្មីៗនេះផងដែរ ក៏មានប្រភពជាច្រើនទម្លាយប្រាប់អង្គភាពទូរទស្សន៍កែវភ្នែក Eye TV News ដើម្បីជួយផ្សាយ ចែករំលែកជូនថ្នាក់ដឹកនាំកំពូលៗបានជ្រាប ដើម្បីមានវិធានការទប់ស្កាត់ ប៉ុន្តែផ្ទុយទៅវិញត្រូវមានអ្នកលេង បណ្តាញសង្គមមួយចំនួន ដែលមានចំណេះមិនសមល្មមបានធ្វើការបញ្ចេញមតិ ផ្ទុយស្រឡះពីផ្លូវច្បាប់ ។
តាមអ្វីដែលមន្ត្រីជំនាញបញ្ជាក់ប្រាប់អង្គភាពយើង លក្ខណៈគ្រួសារ គឺប្រើកម្លាំងដោយដៃមិនអាចប្រើម៉ាស៊ីន នោះឡើយ ប៉ុន្តែអ្វីដែលក្រុមអ្នកធ្វើសកម្មភាពនៅក្នុងភូមិរវាងសែនជ័យ គឺជាលក្ខណៈប្រើកម្លាំងម៉ាស៊ីនយ៉ាង គគ្រឹកគគ្រេង លើពីនេះនៅពេលដែលក្រុមអ្នកយកព័ត៌មានចុះទោះថតផ្តិតយករូបភាព អ្នកធ្វើសកម្មភាព ទាំងអស់នោះ បានដាក់មេប្រូចរត់យករួចខ្លួន គឺមិនបានចូលរួមផ្តល់ព័ត៌មានអ្វីឡើយ ដែលជារូបភាពមួយ ដែលគេសង្ស័យថា អ្នកទាំងអស់នោះ គឺសុទ្ធតែជាកម្មករ ដែលអ្នកមានលុយ គេជួលឲ្យពួកគេទៅធ្វើសកម្មភាព បើមានទោស គឺទទួលជំនួសពួកគេ ។
មជ្ឈដ្ឋានជាច្រើន បានដាក់ការសង្ស័យថា ទឹកដីខេត្តក្រចេះ ធំទូលំទូលាយណាស់ ហេតុអ្វីទឹកដីគេដ៏ទៃ គេមិន មានសកម្មភាពកាយរ៉ែមាសប្រើម៉ាស៊ីនទ្រហឹងពេញព្រៃឲ្យយ៉ាងសម្បើមបែបនឹង ហេតុអ្វីបានជាមានតែនៅ ភូមិរវាងសែនជ័យ ឃុំស្វាយជ្រះ ដែលគេសង្ស័យថា អាចមានអ្នកមានអំណាចមានលុយនៅពីក្រោយខ្នងចេតនា ជួលមនុស្សឲ្យធ្វើជាឧបរណ៍រកលុយ ឲ្យពួកគេមិនខាន ។
ទោះយាងណាក្តី រាល់ព័ត៌មានដែលអង្គភាពយើងព្យាយាមបំពេញបេសកកម្មយកព័ត៌មាន គឺមានបំណងតែ មួយ គឺរាយការណ៍ពាំនាំអ្វីដែលជាភាពមិនប្រក្រតីតាមមូលដ្ឋានជូនប្រមុខរាជរដ្ឋាភិបាលជ្រាប ជាសាធារណៈ ដោយសង្ឃឹមថា មូលដ្ឋានទាំងអស់ក្នុងទឹកដីកម្ពុជា អាចនឹងគោរពច្បាប់ប្រទេស ឲ្យបានអនុវត្តន៍ប្រសើឡើង ដូចៗគ្នា និងស្មើភាពគ្នា ៕